របាយការណ៍​បង្ហាញ​ថា​ស្ថានភាព​ស្រេក​ឃ្លាន​របស់​កម្ពុជា​ឋិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​នៅ​ឡើយ

១២-មិថុនា-២០១៤៖ ជន​អនាថា​ក្រីក្រ​សម្រាក​តាម​​ចិញ្ចើម​ថ្នល់​មួយ​នា​រាជធានី​ភ្នំពេញ។ RFA/Ouk Savborey

 

ដោយ យាង សុជាមេត្តា RFA 2015-10-19

របាយការណ៍​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ ដែល​ចេញ​ផ្សាយ​នៅ​ខែ​តុលា បង្ហាញ​ថា ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុ ២២,៦ ដែល​ត្រូវ​នឹង​ចំណាត់​ថ្នាក់​លេខ​៦០ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​១១៧។ ពិន្ទុ​នេះ​បង្ហាញ​ថា កម្ពុជា បាន​កាត់​បន្ថយ​ភាព​ស្រេក​ឃ្លាន​ប្រមាណ ៥០% ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក។ តែ​ទោះ​ជា​យ៉ាង​ណា ចំណាត់​ថ្នាក់​នេះ​មាន​ន័យ​ថា ស្ថានភាព​ស្រេក​ឃ្លាន​របស់​កម្ពុជា ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​នៅ​ឡើយ។

សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា គ្លូបល ហាំងហ្គឺ អ៊ិនដិច (Global Hunger Index) ដែល​ចេញ​ផ្សាយ​ពេល​នេះ ត្រូវ​បាន​សិក្សា​ដោយ​អង្គការ​អន្តរជាតិ​ចំនួន​៣ គឺ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ចំណី​អាហារ​អន្តរជាតិ (International Food Policy Research Institute) អង្គការ ខនសឺន វើលវ៉ាយ (Concern Worldwide) និង​អង្គការ វ៉ែលហាំងហ្គឺហីហ្វ (Welhungerhilfe)។

សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ ដែល​សិក្សា​ទៅ​លើ​បញ្ហា​សំខាន់ៗ​ចំនួន​៤ ដូចជា បញ្ហា​កង្វះ​អាហារូបត្ថម្ភ កង្វះ​ទម្ងន់​កុមារ កុមារ​ក្រិន និង​អត្រា​មរណភាព​របស់​កុមារ បាន​បង្ហាញ​តារាង​ចំណាត់​ថ្នាក់​ប្រទេស​ចំនួន​១១៧ ដែល​ក្នុង​នោះ កម្ពុជា ឋិត​នៅ​ចំណាត់​ថ្នាក់​លេខ​៦០ ដែល​មាន​ពិន្ទុ ២២,៦។ ពិន្ទុ​នេះ​បង្ហាញ​ថា ស្ថានភាព​ស្រេក​ឃ្លាន​នៅ​កម្ពុជា បាន​ថយ​ចុះ​ប្រមាណ ៥០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០០ ដែល​នៅ​ពេល​នោះ កម្ពុជា ទទួល​បាន​ពិន្ទុ ៤៥។

សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ បាន​ចែក​ចំណាត់​ថ្នាក់​ប្រទេស​ជា ៥​ប្រភេទ គឺ​ប្រទេស​ដែល​មាន​អត្រា​ភាព​ស្រេក​ឃ្លាន​កម្រិត​ទាប កម្រិត​មធ្យម កម្រិត​ធ្ងន់ធ្ងរ កម្រិត​ប្រកាស​អាសន្ន និង​កម្រិត​ប្រកាស​អាសន្ន​ខ្លាំង។ បើ​ទោះ​ជា​របាយការណ៍​បង្ហាញ​ថា ស្ថានភាព​ស្រេក​ឃ្លាន​របស់​កម្ពុជា ប្រសើរ​ជាង​ឆ្នាំ​២០០០ ជិត​ពាក់​កណ្ដាល​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​ស្រេក​ឃ្លាន​នេះ គឺ​ឋិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​សមាគម​អាស៊ាន កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ប្រសើរ​ជាង​ប្រទេស​ភូមា និង​ឡាវ តែ​នៅ​ពី​ក្រោយ​ប្រទេស​ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន និង​ប្រទេស​ឥណ្តូនេស៊ី។

សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ បង្ហាញ​ដែរ​ថា បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា ប្រមាណ ១៤,២% នៅ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្មេង​អាយុ​ក្រោម ៥​ឆ្នាំ ៩,៦% មាន​បញ្ហា​កង្វះ​ទម្ងន់ កុមារ​ក្រិន​មាន​ចំនួន ៣២,៤% និង​កុមារ​ស្លាប់​នៅ​អាយុ​ក្រោម ៥​ឆ្នាំ​ចំនួន ៣,៨%។ (more…)

Posted on: October 19, 2015 8:37 am