អ្នក​សេដ្ឋកិច្ច​ថា​ពលរដ្ឋ​ក្រីក្រ​មិន​អាច​ទទួល​បាន​ចំណូល​ជាង​១.២០០​ដុល្លារ​មួយ​ឆ្នាំ

ពលរដ្ឋ​ក្រីក្រ​រស់​នៅ​​ក្នុង​​ភូមិ​ក្រសាំង ស្រុក​ស្នួល ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​១៧ ធ្នូ ២០១៤ RFA/Brach Chev

 

ដោយ ប្រាជ្ញ ចេវ RFA 2015-10-16

អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា ពលរដ្ឋ​ក្រីក្រ​ភាគ​ច្រើន មិន​អាច​ទទួល​បាន​ចំណូល​ជាង ១.២០០​ដុល្លារ ដែល​ជា​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​ពលរដ្ឋ​កម្ពុជា ម្នាក់​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ។ ការ​មិន​អាច​ទទួល​បាន​ដូច​នេះ ត្រូវ​បាន​ក្រុម​ជំនាញ​ពន្យល់​ថា ដោយសារ​គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ នៅ​ឆ្ងាយ​ដាច់​ពី​គ្នា​ពេក។

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ដូច​នេះ បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​ពលរដ្ឋ​កម្ពុជា ម្នាក់​ចាប់​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១៥ ទទួល​បាន ១.២២៥​ដុល្លារ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​វេទិកា​សកល​ស្ដីពី​ការ​អភិវឌ្ឍ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឆ្នាំ​២០១៥ ក្នុង​ខួប​លើក​ទី​២៣ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ចន្ធី និយាយ​ថា តួលេខ​ជា​មធ្យម​ដែល​ពលរដ្ឋ​ខ្មែរ ក្នុង​មួយ​ឆ្នាំ​រក​ប្រាក់​បាន​ជាង ១.២០០​ដុល្លារ​មែន​នោះ លោក​សូម​ស្វាគមន៍។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ​ខុស​គ្នា​ឆ្ងាយ​ពេក ដូច្នេះ​មិន​ពលរដ្ឋ​ក្រីក្រ​ជាង ១៥% អាច​រក​ចំណូល​បាន​ជា​មធ្យម​តែ​ជាង ៣០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

លោក​បន្ថែម​ថា ករណី​បែប​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​បន្ទុក​ច្រើន​ទៅ​លើ​ពលរដ្ឋ​លើ​គ្រប់​វិស័យ៖ «គឺ​ថា​រដ្ឋាភិបាល​ត្រូវ​មាន​ទុន​ដើម្បី​ផ្ដល់​សេវា​ផ្សេងៗ ទាក់ទង​ការ​គាំពារ​សង្គម​ដល់​ពលរដ្ឋ​ដូចជា សុខាភិបាល ការ​អប់រំ និង​ស្លៀកពាក់​គ្រប់គ្រាន់​ជាដើម»។

ទោះ​បែប​នេះ លោក ហ៊ុន សែន លើក​ឡើង​សន្ទរកថា​របស់​ខ្លួន​ថា អត្រា​ក្រីក្រ​នៅ​កម្ពុជា ត្រូវ​កាត់​បន្ថយ​ពី​ចំ​នួន ៥៣,២% នៅ​ឆ្នាំ​២០៤ មក​នៅ​ត្រឹម ១៣,៥% នៅ​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​កម្ពុជា ទទួល​បាន​ជោគជ័យ​បំផុត ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៤ នៅ​លើ​ពិភពលោក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី និយាយ​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៨៥% រក​ចំណូល​បាន​ជាង ២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ចំនួន​ពលរដ្ឋ​ទាំង​នេះ​ពុំ​មាន​លទ្ធភាព​រក​ចំណូល​បាន​ជាង ១.២០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ។ លោក​ថា គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​ឆ្ងាយ​ដាច់​ពី​គ្នា​បែប​នេះ ធ្វើ​ឲ្យ​បញ្ហា​ចោរកម្ម បញ្ហា​ចំណាក​ស្រុក ពលរដ្ឋ​ជំពាក់​បំណុល​គេ​ច្រើន និង​គ្រឿងញៀន​ចរចា​ខ្លាំង។ (more…)

Posted on: October 17, 2015 10:04 am