“ការ​បើក​របរ​មិន​គោរព​ច្បាប់​ជា​ដើមហេតុ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ស្ពឺ”

រថយន្ត​ដឹក​កម្មករ​ចេញ​ពី​ធ្វើ​ការ​តាម​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Uon Chhin

 

ដោយ សិរីមុនី RFA 2015-10-21

មន្ត្រី​ប៉ូលិស​ចរាចរណ៍ បាន​អំពាវនាវ​អោយ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​ទាំង​អស់​គ្នា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ភ្លាមៗ​នៅ​ក្រោយ​ពេល​ដែល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពង់ស្ពឺ បណ្ដាល​ឲ្យ​កម្មករ ១​នាក់​ស្លាប់ និង ២៦​នាក់​ទៀត​របួស​កាល​ពី​​ថ្ងៃ​​ទី​២០ ខែ​តុលា។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ថា ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​កើត​ឡើង​ពី​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង មិន​ស្មើភាព​គ្នា និង​បើក​បរ​ស្ថិត​ក្នុង​ភាព​ស្រវឹង។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក លោក ស៊ិន សុវណ្ណធី មាន​ប្រសាសន៍​ថា ការ​បើក​របរ​មិន​គោរព​ច្បាប់ និង​ការ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ គឺ​ជា​ដើមហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពង់ស្ពឺ។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ជា​ទូទៅ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​កើត​ឡើង​ដោយសារ​ភាព​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់​ដោយ​មន្ត្រី​សមត្ថកិច្ច និង​អ្នក​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង។

លោក យង់ គិមអេង បន្ត​ថា ការ​ពង្រឹង​ការងារ​របស់​សមត្ថកិច្ច និង​បំពាក់​សម្ភារៈ​ចាំបាច់​នានា នឹង​អាច​ជួយ​អោយ​មាន​ការ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ៖ «មន្ត្រី​ចរាចរណ៍​ខ្លួន​ឯង​ហ្នឹង​ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ សំខាន់​បំផុត​ត្រូវ​តែ​ផាក​ពិន័យ​ដោយ​មិន​រើស​មុខ»។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កំពង់ស្ពឺ លោក ស៊ិន សុវណ្ណធី អោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកាធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២០ ខែ​តុលា បាន​បណ្ដាល​ឲ្យ​មនុស្ស ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ភ្លាមៗ និង​របួស ២៦​នាក់។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​របួស​នោះ​មាន​បុរស ២​នាក់។ អ្នក​របួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ និង​អ្នក​របួស​ធ្ងន់ ៤​នាក់ ត្រូវ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ។

លោក​បន្ថែម​ថា មន្ត្រី​ប៉ូលិស​ពុំ​ទាន់​ចាប់​បាន​អ្នក​បើកបរ​រថយន្ត​ដឹកទំនិញ​នៅ​ឡើយ​នោះ​ទេ៖ «គឺ​អ្នក​បង្ក​រត់​គេច​ខ្លួន ហើយ​យើង​កំពុង​ស្រាវជ្រាវ​រក​ក្រុមហ៊ុន ប្រហែលជា​ក្រុមហ៊ុន​ឯកជន ហើយ​ស្អែក​ប្រហែល​ជា​ដឹង​ហើយ»។

ប្រភព​ពី​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា រថយន្ត​ដឹកទំនិញ​នោះ​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ចំណែក​រថយន្ត​ដឹក​កម្មករ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដែរ។ រថយន្ត​ដឹក​ទំនិញ​នោះ​បាន​គេច​ម៉ូតូ ដែល​នៅ​ខាង​មុខ​ខ្លួន ហើយ​បាន​រេ​បុក​គ្នា​បញ្ឆិត​នឹង​រថយន្ត​ដែល​បាន​ដឹក​កម្មករ​បណ្ដាល​ឱ្យ​រថយន្ត​នោះ​ក្រឡាប់។ រថយន្ត​ដែល​ដឹក​កម្មករ​ជា​ប្រភេទ​រថយន្ត​ទេសចរណ៍ ដែល​មាន​គ្នា​ទាំង​អស់ ២៧​នាក់។

​ក្នុង​មាត្រា ៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​បាន​ចែង​ថា អ្នក​បើកបរ​ដែល​បង្ក​អោយ​មាន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ពី ៤​លាន ទៅ ១៥​លាន​រៀល។ ទោស​នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ ពិន័យ​ពី ១០​លាន​រៀល ដល់ ២៥​លាន​រៀល ប្រសិនបើ​បណ្ដាល​អោយ​មាន​អ្នក​ស្លាប់​ច្រើន​នាក់ ឬ​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ទាក់ទិន​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ប្រធាន​ផ្នែក​ការិយាល័យ​គោលនយោបាយ និង​ជា​អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស លោក ជាវ ប៊ុណ្ណរិទ្ធ មាន​ប្រសាសន៍​ថា គ្រោះថ្នាក់​នៅ​ពេល​ទៅ​បំពេញ​ការងារ​របស់​កម្មករ​ត្រូវ​ចាត់​ទុក​ជា​គ្រោះថ្នាក់​ការងារ​ដែល ប.ស.ស ទទួល​ខុស​ត្រូវ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ទាំង​អ្នក​ដែល​បាត់​បង់ជីវិត និង​អ្នក​របួស​ពិការ។

លោក ជាវ ប៊ុណ្ណរិទ្ធ៖ «ជា​គោលការណ៍​ក្នុង​មួយ​សព ៤​លាន​រៀល។ ជនរងគ្រោះ​ដល់​ស្លាប់​នេះ បើសិនជា​គាត់​មាន​ប្ដី ឬ​មាន​ប្រពន្ធ និង​មាន​កូន ប.ស.ស នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចិញ្ចឹម។ បើសិនជា​កូន គឺ​ចិញ្ចឹម​រហូត​ដល់​អាយុ ២១​ឆ្នាំ»។

លោក​បន្ត​ថា ចំពោះ​ជនរងគ្រោះ​ដែល​របួសធ្ងន់ និង​ស្រាល ប.ស.ស នឹង​ផ្ដល់​ប្រាក់​សម្រាប់​សេវា​ដឹក​ជញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ សេវា​សង្គ្រោះ​បន្ទាន់ ផ្ដល់​ការ​ព្យាបាល​រហូត​ដល់​ជា​សះ​ស្បើយ ផ្ដល់​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​ពេល​សម្រាក​ព្យាបាល គិត​ពី​ថ្ងៃ​ទី​២ ទៅ ផ្ដល់​ប្រាក់​វិភាជន៍​សម្រាប់​ការ​បាត់បង់​សមត្ថភាព​អចិន្ត្រៃយ៍ ផ្ដល់​ជូន​ប្រាក់​ឧបត្ថម្ភ​អ្នក​ថែទាំ​អ្នក​ជំងឺ ផ្ដល់​ឧបករណ៍​រណប ដៃ ជើង អវយវៈ សិប្បនិមិត្ត ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​វិជ្ជាជីវៈ ស្រប​តាម​កាយសម្បទា។

លោក​បញ្ជាក់​ទៀត​ថា ក្រៅ​ពី​សំណង​ទាំង​នេះ ក្រុម​គ្រួសារ​ជនរងគ្រោះ​អាច​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​សំណង​ពី​អ្នក​បើកបរ ឬ​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន។

ជុំវិញ​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក សន សិទ្ធសីហា និយាយ​ថា លោក​នឹង​ផ្ដល់​ការ​ប្រឹក្សា​ស្ដីពី​ការ​ដាក់​ពាក្យ​ប្ដឹង ប្រសិនបើ​កម្មករ​ទាំង​នោះ​ត្រូវ​ការ​ជំនួយ​ផ្នែក​ច្បាប់។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា សមាជិក​របស់​សហជីព​លោក​ក៏​ឋិត​ក្នុង​ចំណោម​មនុស្ស​ទាំង ២៧​នាក់ ដែល​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះ​ដែរ។

លោក អាត់ ធន់ បន្ត​ថា កម្មករ​បន្ត​ជិះ​ប្រជ្រៀត​គ្នា​ដោយ​ផ្ទុយ​នឹង​ច្បាប់​កំណត់​នោះ គឺ​ដោយសារ​ពួកគេ​ពុំ​មាន​ជម្រើស ដ្បិត​ប្រាក់​ឈ្នួល​ទាប៖ «ហើយ​បន្ទាប់​មក​យើង​ជំរុញ​ឱ្យ​ពួកគេ​បង់​ប្រាក់​ឱ្យ​គ្រួសារ​សព ដូចជា​កូន ប្ដី ឬ​ប្រពន្ធ និង​ម្ដាយ​ចាស់​ជរា​ក្នុង​ករណី​ដែល​ពួកគេ​ជា​សមាជិក​នៃ​របប​សន្តិសុខ​សង្គម»។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​អ្នករបួស​ច្រើន​បែប​នេះ​មិន​ធ្លាប់​កើត​មាន​ទេ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ឆ្នាំ​២០១៥​នេះ។ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជា​រៀងរាល់​ថ្ងៃ​នៅ​ទូទាំង​ប្រទេស។ របាយការណ៍​ជា​បឋម​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​អោយ​ដឹង​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១៥ មាន​ចំនួន ១.៨៨៤​ករណី គឺ​បាន​កើន​ឡើង​ចំនួន ៧៧​ករណី៕

 

Posted on: October 21, 2015 8:23 pm