ការ​ធ្វើ​ចំណាកស្រុក​ធ្វើ​ឲ្យ​ភូមិ​មួយ​ក្លាយ​ជា​ភូមិ​”យាយ​ចាស់​កូនខ្ចី”

ពលរដ្ឋនៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលនៅមើលថែចៅ ព្រោះឪពុកម្ដាយកុមារទាំងនោះធ្វើចំណាកស្រុកទៅប្រទេសថៃ។ រូបថតថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev

ដោយ ប្រាជ្ញ ចេវ RFA 2016-07-09

ពលរដ្ឋពេញកម្លាំងក្នុងភូមិមួយនៅខេត្តព្រៃវែង បាននាំគ្នាទៅធ្វើការងារនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ។ អ្នកខ្លះធ្វើចំណាកស្រុកស្របច្បាប់ អ្នកខ្លះទៀត ធ្វើចំណាកស្រុកខុសច្បាប់តាមរយៈមេខ្យល់។ ភូមិនេះសព្វថ្ងៃក្លាយជាភូមិយាយចាស់មានកូនខ្ចី ព្រោះលោកយាយ ឬលោកតាទាំងនោះនៅចាំមើលចៅៗ ដែលឪពុកម្ដាយរបស់ក្មេងទាំងនោះទៅធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់។

«សំឡេងបំពេកូន»៖ នេះគ្រាន់តែជាសំនៀងម្ដាយបំពេកូននៅក្នុងបទចម្រៀងតែប៉ុណ្ណោះ ប៉ុន្តែក្មេងៗមួយចំនួននៅក្នុងភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង មិនបានទទួលភាពកក់ក្ដៅពីដើមទ្រូងម្ដាយរបស់គេទេ។

ការបីបាច់ថែរក្សាកុមារទាំងនោះត្រូវធ្លាក់បន្ទុកមកលើជីដូនរបស់ពួកគេទៅវិញ ខណៈឪពុកម្ដាយរបស់ក្មេងៗទាំងនោះធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ។ លោកយាយខ្លះបីចៅជាប់ដើមទ្រូងបំពេឲ្យគេង លោកយាយផ្សេងទៀត ជិះកង់ដឹកចៅមកទិញចំណីនៅផ្សារ។

លោកស្រី ផេង ស្រឿន មានអាយុ ៦៤ឆ្នាំ ដែលសព្វថ្ងៃកំពុងមើលថែចៅ ព្រោះឪពុកម្ដាយរបស់គេដែលជាក្មួយរបស់លោកស្រីចំនួន ១៤នាក់ ទៅធ្វើកម្មករនៅប្រទេសថៃ ទាំងអស់។ លោកស្រីប្រាប់មូលហេតុដែលលោកស្រីសម្រេចឲ្យក្មួយទៅធ្វើការងារនៅស្រុកគេ ព្រោះនៅស្រុកកំណើតមិនដឹងធ្វើអី៖ «មូលហេតុដែលខ្ញុំឲ្យទៅ ព្រោះមិនដឹងថា ស្រុកខ្មែររកស៊ីអី កូនមើលចុះដីមានតែ ១០ម៉ែត្រ ឬមួយ ២០ម៉ែត្រ រដ្ឋាភិបាលអត់មានជួយគិត។ បើយើងមានអត់លុយចាយ អត់មានបាយហូប តើយើងនៅស្រុកធ្វើអី»។

លោកស្រីបន្តទៀត ដោយសារការបំពេញបែបបទតាមផ្លូវច្បាប់ត្រូវចំណាយលុយអស់ច្រើន និងចំណាយពេលវេលាច្រើន។ ក្មួយរបស់លោកស្រីខ្លះទៅតាមរយៈមេខ្យល់ ក៏មានក្មួយពីរនាក់កំពុងជាប់គុកនៅប្រទេសថៃ៖ «ទៅតាមគេណា! ក្មួយមួយនោះជាប់គុក ៤ខែ ហីមួយនោះទៀតជាប់គុក ៣ឆ្នាំហើយ។ ខ្ញុំផ្ញើលុយចាយរាល់ខែ ក្នុងមួយខែមួយពាន់ ឬពីរពាន់បាត។ សុំលុយកូនចៅផ្ញើទៅហើយ»។

ពលរដ្ឋនៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលនៅមើលថែចៅ ព្រោះឪពុកម្ដាយកុមារទាំងនោះធ្វើចំណាកស្រុកទៅប្រទេសថៃ។ រូបថតថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ RFA/Brach Chev

តាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានឲ្យដឹងថា ភូមិជាប់ព្រំដែននឹងប្រទេសវៀតណាម មួយនេះ មានពលរដ្ឋជាង ១.៧០០គ្រួសារ សព្វថ្ងៃពលរដ្ឋជាង ៧០ភាគរយនៃពលរដ្ឋសរុបបានទៅប្រទេសថៃ ដើម្បីរកការងារធ្វើ។ សង្គមស៊ីវិលដែលធ្វើការងារទាក់ទងការធ្វើចំណាកស្រុកសង្កេតឃើញថា ចំនួនពលរដ្ឋខ្មែរចំណាកស្រុកនៅតែបន្តកើនឡើង។

មានចៅពរជាប់នឹងដៃ លោកស្រី ប៉ូ សារ៉ន ពលរដ្ឋមួយរូបទៀត រៀបរាប់ឲ្យដឹងដែរថា កូនស្រីទាំង ៩នាក់ទៅធ្វើការនៅប្រទេសថៃ ទាំងអស់។ លោកស្រីថា អាណិតកូនពេលរត់ឆ្លងដែនម្ដងៗ ព្រោះក្រុមតម្រូវថៃ ដេញបាញ់៖ «អាណិតកូនខ្លោចចិត្តហើយ ពេលភ្លៀងពេលផ្គរម្ដងៗខ្ញុំយំ អាណិតកូន ត្រូវទាហានដេញបាញ់។ កូនខ្ញុំទ្រហោយំ ខ្ញុំក៏យំដែរ ខ្ញុំដឹង ព្រោះកូនទូរស័ព្ទប្រាប់»។

យាយចាស់កូនខ្ចីរូបនេះ ព្រួយបារម្ភថា ចៅៗរបស់លោកស្រីមិនអាចរៀនសូត្របានចប់សព្វគ្រប់ ព្រោះលោកស្រីមានវ័យកាន់តែចាស់ កូនៗលោកស្រីក៏មិនដឹងថា ថ្ងៃណាពួកគេមកស្រុកខ្មែរវិញ។

ស្រដៀងគ្នានឹងករណីកូនលោកស្រី ប៉ូ សារ៉ន ជាញឹកញាប់សារព័ត៌មានតែងចុះផ្សាយពីការបាញ់សម្លាប់ ឬវាយការធ្វើបាបរបស់តម្រួតថៃ មកលើពលរដ្ឋខ្មែរ នៅពេលគេចាប់បានពេលឆ្លងចូលព្រំដែនប្រទេសថៃ។

តាមរបាយការណ៍របស់ក្រសួងការងារ ពលករខ្មែរទៅធ្វើការងារនៅប្រទេសថៃ មានច្រើនជាងប្រទេសផ្សេងៗទៀត ដែលមានជិត ៥០ម៉ឺននាក់ ក្នុងនោះពលករគ្មានឯកសារគ្រប់គ្រាន់ ឬហៅថា ពលរដ្ឋចំណាកស្រុកខុសច្បាប់មានជាង ៣០ម៉ឺននាក់។ ប៉ុន្តែសង្គមស៊ីវិលថា ពលករខ្មែរធ្វើការងារនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់មានជាង ១លាននាក់។

ពលរដ្ឋនៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលនៅមើលថែចៅ ព្រោះឪពុកម្ដាយកុមារទាំងនោះធ្វើចំណាកស្រុកទៅប្រទេសថៃ។ រូបថតថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev

អ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី ដែលបានចុះទៅសិក្សាដល់ភូមិ ស្រុក ខេត្តព្រៃវែង សង្កេតឃើញថា ពលរដ្ឋនៅទីនេះធ្វើស្រែមិនបានផល ចំណែកជីគីមីមានតម្លៃខ្ពស់ ពលរដ្ឋក្រីក្រគ្មានការងារធ្វើជាដើម។ ក្រៅពីនេះ លោក កែម ឡី បន្តទៀតថា នៅពេលពលរដ្ឋធ្វើស្រែមិនបានផល គឺត្រូវជំពាក់បំណុលកាន់ច្រើន៖ «ភាគច្រើនយុវជនគាត់ចំណាកស្រុកគាត់ទុកកូនៗនៅស្រុកឲ្យយាយៗ តាៗជួយមើល ជាបន្ទុកមួយ។ បើកូននោះផ្ញើលុយមកមិនអីទេ ប៉ុន្តែបើកូនខ្លះគាត់អត់មានលទ្ធភាពផ្ញើលុយមកទេ យាយតានោះលំបាកជាមួយចៅហើយ ដែលនេះហើយទាក់ទងការអប់រំ»។

លោក កែម ឡី ព្រួយបារម្ភថា ក្មេងៗដែលឪពុកម្ដាយធ្វើចំណាកស្រុក ប្រឈមបញ្ហាមិនទទួលបានការសិក្សាគ្រប់គ្រាន់ដូចកុមារដែលមានឪពុកម្ដាយធ្វើការងារនៅក្នុងស្រុក។

កាលពីថ្ងៃទី២៥ ខែឧសភា សារព័ត៌មានក្នុងស្រុកមួយបានដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដែលថ្លែងក្នុងសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្ដីពីការអនុម័តលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៦-២០១៨ ថាក្នុងឆ្នាំ២០១៦ នេះ ប្រជាជនជាង ៩៩ភាគរយ មានការងារធ្វើអត្រាអត់ការងារធ្វើមានតែ ០,៧ភាគរយប៉ុណ្ណោះ។

ចំណែកអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ថ្លែងថា ការចំណាកស្រុកមិនមែនជាចំណុចអវិជ្ជមានទេ ប្រសិនបើមានការគ្រប់គ្រងត្រឹមត្រូវ។ ប៉ុន្តែលោកថា ចំណាកស្រុកខុសច្បាប់គឺជារឿងគ្រោះថ្នាក់សម្រាប់ពលករ៖ «ចំណាកស្រុកមិនមែនជាចំណុចអវិជ្ជមានទេ បើគ្រប់គ្រងបានល្អហើយពេលនេះប្រទេសក្នុងតំបន់ជាច្រើនកំពុងប្រកួតគ្នាដើម្បីមានការផ្លាស់ប្ដូរកម្លាំងពលកម្ម»។

ប្រធានអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ ឲ្យដឹងថា ពលរដ្ឋចំណាកស្រុកមួយចំនួន ជាពិសេសពលករចំណាកស្រុកខុសច្បាប់ ត្រូវបានឈ្មួញជួញដូរកម្លាំងពលកម្ម ការលក់ដូរពីកន្លែងមួយទៅកន្លែងមួយត្រូវជាប់ពន្ធនាគារ ថៅកែជំពាក់ប្រាក់ខែមិនសង ឬក៏ត្រូវឈ្មួញប្រើឲ្យទៅនេសាទនៅកណ្ដាលសមុទ្រដែលប្រឈមការបាត់បង់ជីវិត។

លោកថា ការបណ្ដែតបណ្ដោយឲ្យមានក្រុមហ៊ុនបញ្ជូនពលករគ្មានការត្រួតពិនិត្យត្រឹមត្រូវ ក៏ជាកត្តាធ្វើឲ្យពលរដ្ឋខ្មែរប្រឈមការជួញដូរដែរ៖ «យើងអត់ទាន់និយាយពីការបែកបាក់ក្រុមគ្រួសារ សាច់ញាតិដែលរំពឹងថា ត្រឡប់មកវិញនោះតើឪពុកម្ដាយគាត់ត្រូវឈឺចាប់យ៉ាងណា មិនមែនតែប្រាក់ចំណេញតែមួយមុខអាចបង្កើតផលចំណេញរបស់ជាតិប៉ុណ្ណឹងទេ ប៉ុន្តែយើងត្រូវអំពីផលប៉ះពាល់ផ្នែកសង្គម ដូចជាការរំលោភសិទ្ធិ ការជំពាក់បំណុល ការជួញដូរមនុស្សជាដើម»។

ទាំងពលរដ្ឋ និងសង្គមស៊ីវិលស្នើទៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធឲ្យបង្កើតការងារនៅក្នុងស្រុកឲ្យបានច្រើន និងពង្រឹងវិស័យកសិកម្ម។ សង្គមស៊ីវិលព្រួយបារម្ភថា បើរដ្ឋាភិបាលមិនគិតគូររឿងនេះទេ នឹងធ្វើឲ្យពលរដ្ឋចំណាកស្រុកកាន់តែច្រើនទៀត៕

Posted on: July 9, 2016 9:57 am